ហេតុអ្វីបានជាមានការកំណត់ប្រើប្រាស់បណ្ដាញអគ្គិសនីចរន្តឆ្លាស់ (AC) នៅកម្រិតតង់ស្យុងខុសគ្នា (110V និង 220V)? តើ​ការប្រើប្រាស់កម្រិតតង់ស្យុងមួយណាល្អជាង?

យើង​ឃើញ​ថា​សព្វ​ថ្ងៃ​នេះ​ ការ​កំណត់​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិសនីចរន្ត​ឆ្លាស់​ (AC) នៅ​​កម្រិត​តង់ស្យុង​ខុស​គ្នាអាស្រ័យ​លើ​ស្តង់​ដា​ដែល​បាន​កំណត់​ទៅ​តាម​ប្រទេស​ ឫតំបន់​នីមួយៗ​។

បើ​និយាយ​ថា​មួយ​ណា​ល្អ​ជាង​ យើង​ត្រូវ​គិត​ពី​កត្តា​ផ្សេងៗ​​ដូច​ជា កត្តា​សុវត្ថិភាព​ ប្រសិទ្ធភាព​ ឫទាក់​ទង​នឹង​​ការ​ចំណាយ​ដទៃ​ទៀត ដែល​អាច​ជា​ហេតុ​សម្រាប់​សម្រេច​ដល់​ការ​កំណត់​យក​ម្រិត​តង់ស្យុង​ 110 វ៉ុល​ ឫ​ 220 វ៉ុល​។

ឧទាហរណ៍​ជាក់ស្ដែង ៖ ការ​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិសនីចរន្ត​​នៅ​​កម្រិត​តង់ស្យុងខ្ពស់​ក៏​អាច​ជួយ​ការ​បន្ថយ​មុខ​កាត់ខ្សែសម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនីគិត​ជា​វ៉ាត់ (W)​ ទំហំ​ប៉ុន​គ្នា និង​កាត់​បន្ថយ​ការ​បាត់​បង់​ថាមពល​អគ្គិសនី​តាម​ខ្សែដោយ​សារ​កម្ដៅ​​។

កម្ដៅ​ដែល​អាច​បង្ករ​លើ​ខ្សែ​រួម​មាន​៖

  1. ប្រភេទ​ខ្សែដែល​ប្រើ​ប្រាស់ (ទង់​ដែង ឫ អាលុយ​មីញ៉ូម)
  2. ទំហំ​មុខ​កាត់របស់​ខ្សែ
  3. ប្រភេទ​អ៊ី​សូ​ឡង់​ដែល​ស្រោប​ខ្សែ​ភ្លើង
  4. ស្ថានភាព​បរិយាកាស​ និង​សីតុណ្ណភាព​ព័ទ្ធ​ជុំ​វិញ​ខ្សែ

ដូចនេះ​ការ​​​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិសនីចរន្ត​​នៅ​​កម្រិត​តង់ស្យុងខ្ពស់មិន​ត្រឹម​តែកាត់​បន្ថយ​មុខ​កាត់ខ្សែប៉ុនោះ​ទេ​ វា​ថែម​ទាំង​​អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បញ្ជូន​ថាមពល​អគ្គិសនី​ក្នុង​បណ្ដាញ និង​ជួយ​ការ​បន្ថយការ​​ចំណាយ​លើ​ខ្សែផង​ដែរ។

ម្យ៉ាង​វិញទៀត​ការ​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិសនីចរន្ត​ឆ្លាស់​ (AC) នៅ​​កម្រិត​តង់ស្យុង 220​ វ៉ុល​មាន​កម្រិត​គ្រោះ​ថ្នាក់​ខ្ពស់ជាងការ​ប្រើប្រាស់​​​កម្រិត​តង់ស្យុង 110​ វ៉ុល​ យោង​ទៅ​តាម​រេស៊ីស្តង់​ខ្លួន​មនុស្ស​យើង​ពេល​ប៉ះ​ពាល់​ទៅ​នឹង​​បណ្ដាញ​។​ ព្រោះ​​​កម្រិត​តង់ស្យុងកាន់​តែ​ខ្ពស់​​ អនុញ្ញាត​អោយ​លំហូរ​ចរន្ត​អគ្គិសនីឆ្លង​កាត់​​ខ្លួន​មនុស្ស​កាន់​តែ​ធំ​​​​ ហើយ​​ចរន្ត​នឹង​ជ្រៀត​ និង​ប៉ះ​ពាល់​ចង្វាក់​បេះ​ដូង​ រួច​បណ្ដាល​អោយ​មនុស្ស​ឆក់ស្លាប់​​ (កម្រិត​ចរន្ត​ដែល​ធ្វើ​អោយ​មនុស្ស​ចាប់​ផ្ដើម​ឆក់​ប្រ​មាណ​ 10mA  ធ្វើអោយ​ថប់​ដង្ហើមប្រមាន​ 30​mA ឫ 50mA ប៉ះ​ពាល់ដល់​ចង្វាក់​បេះដូង​ 75mA) ដែល​មាន​ន័យ​ថា​​ចរន្តគិត​ជា​អំ​ពែ​ (Amp) ជា​អ្នក​សម្លាប់​មនុស្ស ហើយ​តង់​ស្យុង​គិត​ជា​វ៉ុល (V) គឺ​ជា​អ្នក​អនុញ្ញាត​អោយ​ចរន្ត​អគ្គិសនី​ឆក់​បានដោយ​អាស្រ័យ​លើកម្រិត​តង់ស្យុង។​

ដូចនេះបើ​និយាយ​ពី​សុវត្ថិភាព​ក្នុង​​ការ​​​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិសនី វា​អាស្រ័យ​ទៅ​លើ​បម្រុង​ប្រយ័ត្ន និង​ការ​យល់​ដឹង​បន្ថែម​អោយ​កាន់​តែច្បាស់​អំពី​អគ្គិសនី​។ អ្នក​ក៏​ប្រើ​ប្រាស់​បន្ថែម​នូវ​ឧបករណ៍​ការ​ពារ​ផ្សេង​ៗ​​ដូច​ជា​​​ឧបករណ៍​ការពារ​ឆក់ ឫ​ឧបករណ៍​ការ​ពារ​លេច​ជ្រាប​ចរន្ត​ក្នុង​បណ្ដាញ​អគ្គិសនី​របស់​អ្នក​។

សូម​អរគុណ​ចំពោះ​ការ​ចំណាយ​ពេល​អាន និង​សូម​ជួយ​បញ្ចេញ​គំនិត​យោបល់​ផ្សេងៗ​ដើម្បី​ចែក​រំលែក​ជាបទ​ពិសោធន៍អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។

សួរ ថ្ងៃទី​ 25 ខែ​កុម្ភៈ 2019 ក្នុង អគ្គិសនី.
បញ្ចេញ​មតិ
0 ចម្លើយច្រើន

ចម្លើយរបស់អ្នក

មុន​នឹង​ចុះ​ផ្សាយ​ចម្លើយ​របស់​អ្នក​ សូម​មេត្តាអាន​ដោយ​យល់​ពី​ គោលការណ៍ និង​លក្ខខណ្ឌ​ ជាមុន